អំពី CSS
តើ CSS ជាអ្វី?
CSS (Cascading Style Sheets) គឺជាភាសាដែលប្រើសម្រាប់កំណត់រចនាបថ (Style) និងរូបរាងរបស់ឯកសារ HTML។ ប្រសិនបើ HTML គឺជាគ្រោងឆ្អឹងនៃផ្ទះ ដែលកំណត់ថាណាជាទ្វារ ណាជាបង្អួច នោះ CSS គឺជាថ្នាំពណ៌ ការបំពាក់ភ្លើង និងការតុបតែងផ្ទះទាំងមូលអោយមានភាពស្រស់ស្អាតទាក់ទាញ។
ហេតុអ្វីយើងត្រូវប្រើ CSS?
នៅសម័យដើម (ឆ្នាំ ១៩៩០) គេហទំព័រមានតែអក្សរខ្មៅ និងផ្ទៃពណ៌សប៉ុណ្ណោះ។ បច្ចុប្បន្ន ដោយគ្មាន CSS គេហទំព័ររបស់អ្នកនឹងមើលទៅសាមញ្ញបំផុត ដូចជាឯកសារអត្ថបទធម្មតា។ CSS ជួយអ្នក៖
- រចនាពណ៌៖ ផ្លាស់ប្តូរពណ៌អក្សរ ពណ៌ផ្ទៃខាងក្រោយ និងស៊ុម។
- រៀបចំទីតាំង (Layout)៖ រៀបចំទីតាំងរបស់ធាតុនីមួយៗអោយមានសណ្តាប់ធ្នាប់ ដូចជាដាក់វាជាជួរ ដាក់កណ្តាល ឬរុញទៅស្តាំ។
- ភាពបត់បែន (Responsive Design)៖ ធ្វើអោយគេហទំព័រអាចបត់បែនបានតាមទំហំអេក្រង់ទូរស័ព្ទ ថេបប្លេត ឬកុំព្យូទ័រ។
- បង្កើតចលនា (Animations)៖ ធ្វើអោយប៊ូតុងប្រែពណ៌ពេលយក Mouse ទៅដាក់ពីលើ ឬធ្វើអោយរូបភាពលោតចេញមកយ៉ាងទន់ភ្លន់។
ទ្រឹស្តីនៃការញែកចេញពីគ្នា (Separation of Concerns)
CSS ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំបំផុតមួយគឺ ញែក "មាតិកា" (HTML) ចេញពី "ការតុបតែង" (CSS)។ កាលពីមុន គេសរសេរកូដតុបតែងលាយឡំគ្នាក្នុង HTML ធ្វើអោយកូដរញ៉េរញ៉ៃពិបាកមើល។ ឥឡូវនេះ យើងសរសេរ CSS នៅឯកសារផ្សេង ដែលធ្វើអោយយើងងាយស្រួលគ្រប់គ្រង និងអាចយក CSS មួយ ទៅតុបតែង HTML រាប់ពាន់ទំព័របានយ៉ាងងាយ!
ឧទាហរណ៍នៃការប្រើប្រាស់ CSS
សូមក្រឡេកមើលប្រអប់កូដខាងក្រោម។ នៅផ្នែក HTML យើងមានត្រឹមតែ <h1> និង <p> ប៉ុណ្ណោះ។ ប៉ុន្តែនៅផ្នែក CSS យើងបានលាបពណ៌ផ្ទៃខាងក្រោយ ប្តូរពណ៌អក្សរ ដាក់ស៊ុម និងតម្រឹមវានៅកណ្តាលយ៉ាងស្រស់ស្អាត!
