© Khmer Angkor Academy - sophearithput168

ទីតាំង​ធនធាន​សកល

ផ្លូវនៃឯកសារ (File Paths & URLs)

File Path គឺប្រៀបបាននឹង "អាសយដ្ឋានផ្ទះ" អញ្ចឹងដែរ! នៅពេលអ្នកចង់ភ្ជាប់រូបភាព (<img src="...">) ឬភ្ជាប់ Link (<a href="...">) អ្នកត្រូវប្រាប់ Browser អោយបានច្បាស់ ថាតើរបស់នោះស្ថិតនៅទីកន្លែងណា នៅក្នុងកុំព្យូទ័ររបស់អ្នក ឬនៅលើ Internet។


១. Absolute Path (អាសយដ្ឋានពេញលេញ ភ្ជាប់ទៅខាងក្រៅ)

Absolute Path គឺអាសយដ្ឋានពេញលេញ ដែលមានភ្ជាប់មកជាមួយ https://www...។ គេប្រើវាសម្រាប់ភ្ជាប់ទៅកាន់ គេហទំព័រ ឬរូបភាព របស់ អ្នកដទៃ (Website ក្រៅ)។ វាប្រៀបដូចជាការផ្ញើអីវ៉ាន់ទៅផ្ទះអ្នកផ្សេង ដោយត្រូវដាក់ទាំងឈ្មោះផ្ទះ ឈ្មោះផ្លូវ ឈ្មោះខេត្តអោយបានច្បាស់។


២. Relative Path (អាសយដ្ឋានក្នុងផ្ទះខ្លួនឯង)

Relative Path ប្រើសម្រាប់ភ្ជាប់ទៅកាន់ឯកសារដែលនៅក្នុង Website អ្នកផ្ទាល់។ វាមិនមាន https:// ទេ។ វាដើរតាមគោលការណ៍ "ប្តូរទីតាំងចេញពីឯកសារបច្ចុប្បន្ន ដែលយើងកំពុងឈរ"។ វាប្រៀបដូចជាការប្រាប់ប្អូនថា "ទៅយកសៀវភៅនៅបន្ទប់ក្បែរនេះមក" (មិនបាច់ប្រាប់ឈ្មោះខេត្តទេ ព្រោះនៅក្នុងផ្ទះតែមួយ)។

របៀបប្រើប្រាស់ ៣ កម្រិត (សំខាន់ណាស់!)៖

  • src="image.jpg" : ឯកសារស្ថិតនៅ ក្បែរគ្នា (ថតតែមួយ) ជាមួយឯកសារបច្ចុប្បន្ន។
  • src="images/image.jpg" : ឯកសារស្ថិតនៅក្នុង ថតកូនឈ្មោះ images។ ដូច្នេះត្រូវបើកចូលទៅក្នុងថត images សិន។
  • src="../image.jpg" : ឯកសារស្ថិតនៅខាងក្រៅ។ ដូច្នេះត្រូវ ថយក្រោយមួយថត (Up one folder) សិន ទើបអាចរកវាឃើញ។
ច្បាប់ទូទៅរបស់អ្នកអាជីព៖ សម្រាប់ឯកសារនៅក្នុង Website ខ្លួនឯង ត្រូវតែប្រើ Relative Path ជានិច្ច! ព្រោះថ្ងៃណាមួយ បើអ្នកប្តូរឈ្មោះ Website (ពី abc.com ទៅ xyz.com) រាល់តំណភ្ជាប់ខាងក្នុងរបស់អ្នក នៅតែអាចដំណើរការបានធម្មតា ១០០% ដោយមិនបាច់អង្គុយកែរាប់ពាន់កន្លែង។