© Khmer Angkor Academy - sophearithput168

គម្លាត

The Box Model (Margin និង Padding)

មេរៀននេះគឺជា បេះដូងរបស់ CSS! រាល់ Element ទាំងអស់នៅក្នុង HTML ត្រូវបានចាត់ទុកថាជា "ប្រអប់ (Box)" មួយ។ The CSS Box Model គឺជាច្បាប់ដែលគ្រប់គ្រងពីរបៀបដែលប្រអប់ទាំងនោះត្រូវបានរុំព័ទ្ធដោយ Padding, Border និង Margin។


១. ស្គាល់សមាជិកទាំង ៤ នៃ Box Model

  1. Content (មាតិកាខាងក្នុងបំផុត)៖ គឺជាកន្លែងដែល អក្សរ ឬ រូបភាព របស់អ្នកបង្ហាញ។ (កំណត់ទំហំដោយ width & height)។
  2. Padding (ទ្រនាប់ខាងក្នុង)៖ គឺជាចន្លោះទំនេរពី Content ទៅដល់ស៊ុម Border (ប្រៀបដូចជាអេប៉ុងទ្រនាប់ការពារទំនិញក្នុងកេស)។
  3. Border (ស៊ុម)៖ បន្ទាត់ដែលហ៊ុំព័ទ្ធប្រអប់។
  4. Margin (គម្លាតខាងក្រៅ)៖ គឺជាការរុញប្រអប់របស់អ្នក អោយនៅឆ្ងាយពីប្រអប់របស់អ្នកដទៃ (ឬរុញអោយឆ្ងាយពីគែមអេក្រង់)។
សង្ខេបងាយយល់៖ Padding រុញអក្សរចូលក្នុង (ធ្វើអោយប្រអប់ប៉ោងធំ) ចំណែក Margin រុញប្រអប់ផ្សេងអោយចេញឆ្ងាយ (ទំហំប្រអប់យើងនៅដដែល)។

២. វិធីសរសេរកាត់តម្លៃ (Shorthand Values)

អ្នកមិនបាច់សរសេរ padding-top, padding-right... គ្រប់ ៤ទិសនោះទេ! អ្នកអាចប្រាប់ទិសទាំង ៤ ក្នុងបន្ទាត់តែមួយ ដោយរាប់តាមទ្រនិចនាឡិកា (លើ - ស្តាំ - ក្រោម - ឆ្វេង) (Top - Right - Bottom - Left)។

  • margin: 10px 20px 30px 40px; (លើ១០, ស្តាំ២០, ក្រោម៣០, ឆ្វេង៤០)
  • margin: 10px 20px 30px; (លើ១០, ស្តាំ/ឆ្វេង២០, ក្រោម៣០)
  • margin: 10px 20px; (ប្រើច្រើនបំផុត) (លើ/ក្រោម១០, ស្តាំ/ឆ្វេង២០)
  • margin: 10px; (គ្រប់ទិសទាំង ៤ ស្មើ ១០)

៣. វិធីដាក់ប្រអប់ចំកណ្តាល (Margin Auto)

នេះគឺជាល្បិចដ៏អស្ចារ្យដែលអ្នកបង្កើតវិបសាយគ្រប់រូបត្រូវតែចេះ! ប្រសិនបើអ្នកមានប្រអប់មួយដែលមានទំហំ (width) ច្បាស់លាស់ ហើយចង់អោយវារត់មកនៅចំកណ្តាលអេក្រង់ អ្នកគ្រាន់តែប្រើ margin: auto;margin: 0 auto; នោះវានឹងរុញចែកសងខាងអោយស្មើគ្នាដោយស្វ័យប្រវត្តិ។


៤. ការដោះស្រាយបញ្ហាប្រអប់រីកធំ (Box-Sizing)

តាមលំនាំដើម ប្រសិនបើប្រអប់អ្នកទទឹង 200px ហើយអ្នកថែម Padding 20px នោះប្រអប់អ្នកនឹងប៉ោងធំដល់ 240px! នេះជាបញ្ហាធំណាស់ ធ្វើអោយខូច Layout វិបសាយ។

ដំណោះស្រាយ៖ អ្នកអាជីពតែងតែបន្ថែម box-sizing: border-box; ទៅអោយគ្រប់ Elements ទាំងអស់ (ដោយប្រើសញ្ញា *)។ វាបង្ខំអោយប្រអប់រក្សាទំហំ 200px ដដែល ទោះបីដាក់ Padding ក៏ដោយ (វាស៊ីកន្លែងចូលក្នុងវិញ)។

* {
  box-sizing: border-box;
}